រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ - នាថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។ ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានតាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង។
ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា ៖ «ការចែកចាយផលិតផលធានារ៉ាប់រងតាមរយៈធនាគារ គឺមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការរីកចម្រើន។ ភាពជាដៃគូរវាងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងពិតជាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍ទាំងសងខាង ដោយក្រុមហ៊ុនធានារ៉ាប់រងទទួលបានកំណើននៃការលក់ និង ចំពោះធនាគារអាចជួយឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវការការពារកម្ចីរបស់ធនាគារតាមរយៈផលិតផលធានារ៉ាប់រងផងដែរ។»
លោក ហេង បូមករា មានប្រសាសន៍ថា ៖«ការរៀបចំពិធីនាថ្ងៃនេះគឺជាសក្ខីភាពដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រតិបត្តិការវិស័យធនាគារ និងវិស័យមិនមែនធនាគារ។ ពោលគឺរវាង ធនាគារ ភីភីស៊ីប៊ែង និង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលកិច្ចសហការនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។»
លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។ ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុជូនម្ចាស់បណ្ណសន្យារ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបានជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍អកុសលបានកើតឡើង។ ជំងឺរាតត្បាតជាសកលកូវីដ-19 កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា។»
លោក Sanjay Chakrabarty បានបន្ថែមទៀតថា៖ «ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនធនាគារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំដល់អតិថិជនអំពីការការពារ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារសុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ។»
នាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា៖ «ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលត្រឹមត្រូវ អាចជួយឲ្យយើងនាំយកផលិតផលពិសេសៗ និងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ចាប់ពីថ្ងៃនេះតទៅ តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹងអាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំ ដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង។»
ភាពជាដៃគូរវាង ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើក និងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង។
អំពីធនាគារភីភីស៊ីប៊ែង (PPCBank)
ធនាគារ ភីភីស៊ីប៊ែង គឺជាធនាគាររបស់ប្រទេសកូរ៉េខាងត្បូងមួយដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៨ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុន Apro Financial Co។ ធនាគារ ភីភីស៊ីប៊ែង កំពុង ធ្ចើប្រតិបត្ដិការនៅទូទាំងប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៦ សាខានៅរាជធានីភ្នំពេញ និងសាខាចំនួនប្រាំពីរ នៅតាមបណ្ដាលខេត្តសំខាន់ៗមួយចំនួន និងមានទូ ATM ចំនួន ៦៥។ ធនាគារ ភីភីស៊ីប៊ែង ធនាគារភីភីស៊ីប៊ែងបានផ្តល់ជូនសេវាធនាគារដែលរួមមានទាំងសេវាធនាគារលក្ខណៈប្រពៃណី និងបែបឌីជីថលរាប់បញ្ចូលទាំងសេវាប្រាក់បញ្ញើ ឥណទាន សេវាកម្មឌីជីថល smartBiz និងសេវាប្រឹក្សាយោបល់អតិថិជនទាំងនៅក្នុង និងក្រៅសាខាផងដែរ។
ក្នុងឆ្នាំ ២០២០ ធនាគារ ភីភីស៊ីប៊ែង បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។
ធនាគារ ភីភីស៊ីប៊ែង ចូលរួមគាំទ្រយ៉ាងសកម្មក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR Initiative) ដោយក្លាយជាធនាគារដំបូងបង្អស់ដែលបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់បុគ្គលិកដែលមានពិការភាព តាមរយៈកិច្ចសហការ និងអនុញ្ញាតិឲ្យមានហាងកាហ្វេ Socials Coffee នៅក្នុងអគារការិយាល័យរបស់ខ្លួន។ បន្ថែមពីនេះទៅទៀត កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏បានគាំទ្រដល់អង្គការបោសសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO និង អង្គការ «HeroRATs» ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។