ភ្នំពេញ (ថ្ងៃទី ២៣ ខែមេសា) - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់ការការពារចំនួន ៥,០០០ ដុល្លារ ដោយឥតគិតថ្លៃ សម្រាប់អតិថិជន ៥០០.០០០ នាក់ដំបូង របស់ដៃគូយុទ្ធសាស្ត្ររបស់ខ្លួនគឺអតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងករណីមរណភាពដោយសារជំងឺ COVID-19 រយៈពេល ៤៥ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលបានធ្វើការចុះឈ្មោះ។ សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់នេះ https://bit.ly/2P5qi7w ដើម្បីទទួលបានការការពារស្របតាមខនិងលក្ខខណ្ឌដូចដែលបាននៅបង្ហាញខាងក្រោម។
ការផ្ដល់ជូននូវអត្ថប្រយោជន៍បន្ថែមនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនទៅលើការការពារសុខុមាលភាពជូនប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននាំមុខគេក្នុងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ នេះ នៅក្នុងទីផ្សារអាស៊ី តាមរយៈការផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនដល់អតិថិជនរបស់ខ្លួន។
លោក Sanjay Chakrabarty អគ្គនាយក របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានប្រសាសន៍ថា៖ "គោលជំហរចម្បងរបស់ ព្រូដិនសល គឺតែងតែការពារ និងធ្វើឱ្យសុខុមាលភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភាពប្រសើរឡើង។ យើងបានពង្រីកវិសាលភាពនៃការផ្ដល់ជូននូវអត្ថប្រយោជន៍នៃការការពារនេះដល់អតិថិជនរបស់ដៃគូយុទ្ធសាស្ត្ររបស់យើងគឺ អតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា។»
លោក Sanjay Chakrabarty បានបន្ថែមទៀតថា ៖ "យើងនឹងបន្តលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តតាមគោលការណ៍បង្ការរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងជំងឺ កូវីដ ១៩ មានដូចជា ការលាងដៃញឹកញាប់ ការស្នាក់នៅក្នុងផ្ទះប្រសិនបើមិនសូវស្រួលខ្លួន និងបរិភោគអាហារ ឬសាច់ណាដែលចម្អិនត្រឹមត្រូវ។»
គិតត្រឹមថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ ប្រទេសកម្ពុជាបានរកឃើញ ជំងឺកូវីដ-១៩ ចំនួន ១៥.៣៦១ ករណីហើយ៕
ខ និងលក្ខខណ្ឌ នៃយុទ្ធនាការការផ្ដល់ការពារលើជំងឺកូវីដ ១៩ សម្រាប់អតិថិជនធនាគារអេស៊ីលីដា ភីអិលស៊ី
- ការការពារទៅលើជំងឺកូវីដ១៩ (“អត្ថប្រយោជន៍”) គឺជាអត្ថប្រយោជន៍ឥតគិតថ្លៃដល់អ្នកចុះឈ្មោះដែលមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងជាអតិថិជនរបស់ធនាគារអេសុីលីដា។
- នៅក្នុងឯកសារស្តីពីខ និងលក្ខខណ្ឌនេះ ពាក្យថា “អ្នក” ឬ “របស់អ្នក” សំដៅដល់អ្នកត្រូវបានការពារ។ ពាក្យថា “យើងខ្ញុំ” “របស់យើងខ្ញុំ” “ក្រុមហ៊ុនព្រូដិនសលកម្ពុជា” ឬ “ក្រុមហ៊ុន” សំដៅដល់ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក ។
- បន្ទាប់ពីអ្នកបានដាក់ទម្រង់ស្នើសុំដែលមានបំពេញព័ត៌មានផ្ទាល់ខ្លួន អ្នកអាចមានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍នេះ។
- “កាលបរិច្ឆេទចុះឈ្មោះ” សំដៅដល់កាលបរិច្ឆេទដែលអ្នកត្រូវបានការពារបានដាក់ទម្រង់ស្នើសុំសម្រាប់អត្ថប្រយោជន៍នេះ។
- “រយៈពេលនៃការការពារ” សំដៅដល់រយៈពេលដែលអត្ថប្រយោជន៍នេះមានសុពលភាព។ រយៈពេលនៃការការពារគឺមានរយៈពេល 45 ថ្ងៃ រាប់ចាប់ពីកាលបរិច្ឆេទចុះឈ្មោះ។
- “អ្នកត្រូវបានការពារ” សំដៅដល់អ្នកដែលបានបំពេញទម្រង់ស្នើសុំ និងដាក់ទម្រង់ស្នើសុំនេះ រួមទាំងបានចុះឈ្មោះដោយជោគជ័យដោយស្របតាមខ និង លក្ខខណ្ឌនេះ និង មានសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍នេះ។
- “ជំងឺ កូវីដ១៩ (COVID-19)” សំដៅទៅលើករណីដូចដែលបាន បញ្ជាក់ដោយរបាយការណ៍ដែលចេញពីក្រសួងសុខាភិបាលកម្ពុជា។
- អត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជូនតែម្តងប៉ុណ្ណោះសម្រាប់អ្នកចុះឈ្មោះម្នាក់។ ប្រសិនបើ អ្នកត្រូវបានការពារ បានចុះឈ្មោះលើសពីមួយដង នោះរយៈពេលនៃការការពារនឹងត្រូវកំណត់យកកាលបរិច្ឆេទចុះឈ្មោះលើកដំបូងបំផុត។
- ករណីមរណភាពស្របតាមលក្ខខណ្ឌដោយជំងឺ កូវីដ១៩ (COVID-19) ដែលកើតមានទៅលើអ្នកត្រូវបានការពារក្នុងរយៈពេលនៃការការពារ ក្រុមហ៊ុននឹងធ្វើសំណងអត្ថប្រយោជន៍មរណភាពចំនួន $5,000។
- ករណីអ្នកត្រូវបានការពារទទួលបានការការពារផ្សេងទៀតដោយឥតគិតថ្លៃលើជំងឺកូវីដ១៩ ដូចជាការផ្តល់ជូនការពារសម្រាប់ជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនព្រូដិនសល ដែលរួមមានការផ្តល់ជូនការពារដោយឥតគិតថ្លៃសម្រាប់បុគ្គលិកក្រុមហ៊ុនព្រូដិនសល សម្រាប់អតិថិជនក្រុមហ៊ុនព្រូដិនសល ឬ សម្រាប់បុគ្គលិករបស់ក្រុមហ៊ុនដែលជាដៃគូរបស់ក្រុមហ៊ុនព្រូដិនសល នោះការការពារនេះនឹងពុំមានសុពលភាពអនុវត្តឡើយ។
- ក្រុមហ៊ុនមានកាតព្វកិច្ចទូទាត់ប្រាក់អត្ថប្រយោជន៍នេះ ទៅឲ្យបុគ្គលណាដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍ស្របតាមខ និងលក្ខខណ្ឌនេះ លុះត្រាណាតែក្រុមហ៊ុនទទួលបានភស្តុតាងដែលចាំបាច់ និងអាចទុកចិត្ត បានសម្រាប់ការដោះស្រាយសំណង។ ឯកសារខាងក្រោមនេះ ចាំបាច់ត្រូវមានសម្រាប់ការវាយតម្លៃទៅលើការទាមទារសំណង៖
ក. ទម្រង់បែបបទមួយដែលបានបំពេញចប់សព្វគ្រប់ ស្របតាមបទដ្ឋានរបស់ក្រុមហ៊ុនស្តីពីការស្នើសុំការទូទាត់ប្រាក់អត្ថប្រយោជន៍ និង
ខ. ភស្តុតាងផ្សេងៗដែលចាំបាច់ដើម្បីបញ្ជាក់អំពីសិទ្ធិរបស់អ្នកទាមទារសំណង ក្នុងការទទួលបានអត្ថប្រយោជន៍ និង
គ. រាល់ឯកសារពាក់ព័ន្ធទាំងអស់ ដូចជា សំបុត្រមរណភាព ភស្តុតាងបញ្ជាក់ពីគ្រោះថ្នាក់ និងលិខិតបញ្ជាក់ផ្សេងទៀតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ដោយចំណាយទាំងនេះជាបន្ទុករបស់អ្នកទាមទារសំណង និង
ឃ. ហេតុការណ៍ និង/ឬឯកសារណាមួយផ្សេងទៀត ដែលក្រុមហ៊ុនយល់ថាមានសារៈសំខាន់ចំពោះការវាយតម្លៃលើការទាមទារសំណង ដោយចំណាយជាបន្ទុករបស់អ្នកទាមទារសំណង។ - អ្នកត្រូវបានការពារ ត្រូវតែផ្លាស់ប្តូរអ្នកទទួលផល បន្ទាប់ពីបានចុះឈ្មោះទទួលបានអត្ថប្រយោជន៍មួយនេះដោយជោគជ័យ។ ប្រសិនបើអ្នកទទួលផលប្រយោជន៍មិនត្រូវបានផ្លាស់ប្តូរទេ នោះការទូទាត់អត្ថប្រយោជន៍នេះ នឹងត្រូវធ្វើឡើងដោយយោងតាមលំដាប់ដូចមានកំណត់ខាងក្រោម៖
ក. ៥០% នៃអត្ថប្រយោជន៍នឹងត្រូវបានផ្តល់ជូនទៅប្តី/ប្រពន្ឋស្របច្បាប់
ខ. ៥០% នៃអត្ថប្រយោជន៍នឹងត្រូវបានផ្តល់ជូនទៅកាន់លំដាប់ភាគីដូចខាងក្រោម
១. ប្តីប្រពន្ធស្របច្បាប់ និងកូន(ៗ) ស្មើៗគ្នា
២. ប្តីប្រពន្ធស្របច្បាប់ និងឪពុក-ម្តាយ ស្មើៗគ្នា
៣. ប្តីប្រពន្ធស្របច្បាប់ និងបងប្អូន ស្មើៗគ្នា
៤. បុគ្គលផ្សេងទៀតដែលសម្រេចដោយតុលាការ។ - ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ ខ និង លក្ខខណ្ឌនៃអត្ថប្រយោជន៍ផ្តល់ជូននេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។ ករណីមានវិវាទណាមួយទាក់ទងទៅនឹងការការពារដោយឥតគិតថ្លៃនេះ ក្រុមហ៊ុននឹងមានសិទ្ធិនៅក្នុងការសម្រេចចិត្តចុងក្រោយ។