ខេត្តកំពង់ធំ ប្រទេសកម្ពុជា - ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
កម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” ហៅកាត់ថា SAFE STEPS បានដាក់សម្ពោធឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពចរាចរណ៍តំបន់សាលារៀនដែលបានកែលម្អរួច នៅវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងខេត្តកំពង់ធំ ដែលជាសកម្មភាពដ៏សំខាន់មួយរបស់កម្មវិធី។ កម្មវិធីនេះទទួលបានការគាំទ្រពីមូលនិធិក្រុមហ៊ុនព្រូដិនសល (Prudence Foundation) តាមរយៈ ក្រុមហ៊ុនព្រូដិនសលកម្ពុជា (Prudential Cambodia)។ ជំហានតូចៗនាំទៅរកការផ្លាស់ប្តូរយ៉ាងធំ ហើយថ្ងៃនេះ យើងអាចមើលឃើញមានការផ្លាស់ប្តូរដ៏ធំធេងមួយក្នុងការការពារសុវត្ថិភាពសហគមន៍សាលារៀន ដែលមានការចូលរួមពីសិស្សានុសិស្សប្រមាណ ១០០នាក់ និងលោកគ្រូ អ្នកគ្រូ ២០នាក់។ អញ្ជើញជាអធិបតីក្នុងពិធីនេះរួមមានលោក អ៊ីម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងលោក អេង រស់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
កម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍”នៅកម្ពុជាមានគោលបំណងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដោយផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍សុវត្ថិភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍។ កម្មវិធីនេះដាក់បញ្ចូលនូវវិធីសាស្រ្តរួមមួយ ដែលកំណត់ការអប់រំជាចំណុចគន្លឹះក្នុងការពង្រឹងឥរិយាបថសុវត្ថិភាពចរាចរណ៍របស់អ្នកប្រើប្រាស់ផ្លូវថ្នល់ បន្ថែមពីលើការផ្តល់មួកសុវត្ថិភាពមានគុណភាពខ្ពស់ដែលជាសមាសធាតុសំខាន់មួយរបស់កម្មវិធី។ ការសម្ពោធដាក់ឱ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធដែលបានកែលម្អសម្រាប់សុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ត្រូវបានរៀបចំឡើងរួមគ្នាជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ និងបណ្តាដៃគូនានានៅក្នុងខេត្តកំពង់ធំ។
លោក អ៊ីម វ៉ាននី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ “ការកែលម្អហេដ្ឋារចនាសម្ព័ន្ធតំបន់សាលារៀនដែលបានដាក់សម្ពោធឱ្យដំណើរការនៅ វិទ្យាល័យស្ទឹងសែននាថ្ងៃនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបែបជាក់ស្តែងនូវបរិស្ថានជុំវិញសាលាមួយដើម្បីធានានូវសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសមាជិកគ្រួសាររបស់ពួកគាត់។ ការវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធតំបន់សាលារៀនដែលមានសុវត្ថិភាពដូចដែលយើងមាននាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅការធានាសុវត្ថិភាព និងភាពជោគជ័យសម្រាប់អ្នកជំនាន់ក្រោយរបស់យើង។”
ការពារអាយុជីវិតរបស់អ្នកប្រើប្រាស់ផ្លូវវ័យក្មេងនៅលើដងផ្លូវទូទាំងប្រទេសកម្ពុជា
កុមារ និងយុវជនប្រឈមនឹងហានិភ័យនៅពេលធ្វើដំណើរទៅសិក្សារៀនសូត្រជាប្រចាំថ្ងៃ។ គ្រោះថ្នាក់ចរាចរណ៍គឺជាបុព្វហេតុចម្បងនៃមរណភាពកុមារ និងក្មេងវ័យជំទង់អាយុចន្លោះពី ៥-២៩ឆ្នាំនៅទូទាំងពិភពលោក។ នៅកម្ពុជា មានសិស្ស-និស្សិតចំនួន ១២% ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ក្នុងឆ្នាំ២០១៩1។ ក្នុងចំណោមជនរងគ្រោះជាសិស្ស និស្សិតទាំងនេះ ប្រមាណជិតពាក់កណ្តាល គឺជាសិស្សកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ បញ្ហានេះតំណាងឱ្យវិបត្តិសុខភាពសាធារណៈដ៏ធំមួយ ដែលមានផលប៉ះពាល់បំផុតចំពោះយុវជន។
យោងតាមលទ្ធផលនៃការវាយតម្លៃសុវត្ថិភាពចរាចរណ៍តំបន់សាលារៀន ដោយប្រើប្រាស់វិធីសាស្រ្តរបស់អង្គការ iRAP តាមរយៈការផ្តល់ចំណាត់ថ្នាក់ផ្កាយ អង្គការមូលនិធិបង្ការរបួសអាស៊ីបានចាប់ផ្តើមធ្វើការកែលម្អលក្ខខណ្ឌសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធតំបន់សាលារៀននៅវិទ្យាល័យគោលដៅ។ ហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពចរាចរណ៍ដែលត្រូវបានកែលម្អរួមមាន គំនូសរលាក់បន្ថយល្បឿន ផ្លាកសញ្ញាបន្ថយល្បឿន និងផ្លាកសញ្ញាកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់សាលារៀន ផ្លាកសញ្ញាកន្លែងថ្មើរជើងឆ្លងកាត់ ភ្លើងពញ្ញាក់អារម្មណ៍ឱ្យប្រុងប្រយ៍ត្ន គំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ និងគំនូសសញ្ញាសំខាន់ៗមួយចំនួនទៀត។
សិស្សានុសិស្សនឹងមានឱកាសពង្រឹងជំនាញ និងចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពេញមួយថ្ងៃអមដោយការលេងល្បែងអន្តរកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។ ទាំងនេះរួមមាន ការ បណ្តុះបណ្តាលអំពីការប្រើប្រាស់មួកសុវត្ថិភាព និងការបណ្តុះបណ្តាលបន្ថែមលើការយល់ដឹងអំពីល្បឿនកំណត់ក្នុងការបើកបរ ជៀសវាងការបែកអារម្មណ៍ផ្សេងៗ និងអំពីសារៈសំខាន់នៃសុវត្ថិភាពអ្នកថ្មើរជើង។ សិស្សានុសិស្សក៏នឹងចូលរួមផងដែរក្នុងកម្មវិធីសំណួរ-ចម្លើយអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើតេស្តអំពីការយល់ដឹងរបស់ពួកគេ។ សិស្សានុសិស្សក៏នឹងអនុវត្តសកម្មភាពជាក់ស្តែងនៅលើផ្លូវជាតិលេខ ៦ ដើម្បីណែនាំអ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យធ្វើដំណើរដោយសុវត្ថិភាព ជាពិសេសពេលពួកគេឆ្លងកាត់ផ្លូវនៅមុខវិទ្យាល័យស្ទឹងសែន។
កម្មវិធីថ្នាក់តំបន់ប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
កម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” គឺជាផ្នែកមួយនៃកម្មវិធី វិធានការសុវត្ថិភាពសម្រាប់កុមារ (SAFE STEPS KIDS) ដែលបង្កើតឡើងដោយមូលនិធិ ក្រុមហ៊ុនព្រូដិនសល (Prudence Foundation) ក្នុងភាពជាដៃគូជាមួយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងបណ្តាញគំនូរជីវចល។ កម្មវិធីនេះមានគោលបំណងផ្តល់ជូនកុមាររាប់លាននាក់នៅទូទាំងអាស៊ី និងអាហ្រ្វិកនូវព័ត៌មានដ៏មានសារៈប្រយោជន៍សម្រាប់ជួយសង្រ្គោះអាយុជីវិត និងផ្តល់លទ្ធភាពដល់មនុស្សជំនាន់ ក្រោយអាចត្រៀមខ្លួនបានយ៉ាងល្អ និងធន់នឹងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។ ស្នូលនៃកម្មវិធីគឺភាពយន្តជីវចលជាជាបន្តបន្ទាប់ ដែលត្រូវបានចាក់ផ្សាយនៅតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍បណ្តាញ គំនូរជីវចលនៅក្នុងទ្វីបអាស៊ីដោយត្រូវបានផ្សាយដល់ ប្រមាណ៣៥លានគ្រួសារ។
នៅប្រទេសកម្ពុជា មូលនិធិ ក្រុមហ៊ុនព្រូដិនសល និង ក្រុមហ៊ុនព្រូដិនសល កម្ពុជា បានចាប់ដៃគូជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងការអនុវត្តកម្មវិធី “វិធានការសុវត្ថិភាពចរាចរណ៍” ចាប់តាំងពីឆ្នាំ២០២២មក ហើយតាមរយៈការផ្សព្វផ្សាយ ការអប់រំ និងការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ កម្មវិធីមានអ្នកទទួលផលដោយផ្ទាល់ជាសិស្សានុសិស្សប្រមាណ ១២ ៩១០នាក់ និងប្រជាពលរដ្ឋជាមនុស្សពេញវ័យប្រមាណ ៣៤ ៥៤១នាក់គិតត្រឹមដើមខែកុម្ភៈនេះ។ អត្រានៃការពាក់មួកសុវត្ថិភាព (ជាមធ្យម)នៅតាមវិទ្យាល័យគោលដៅដែលមានត្រឹម ៣០,២០% (មុនពេលមានវិធានការ) បានកើនឡើងដល់ ៨២,២០% (ក្រោយពេលមានវិធានការ)។ លទ្ធផលទាំងនេះ បានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ពេលធ្វើដំណើរទៅមកសាលារៀន។
កម្មវិធីក៏បានរួមចំណែកក្នុងការគាំទ្រឱ្យមានការដាក់ចេញនូវគោលការណ៍ណែនាំ កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅដោយក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពីការផ្លាស់ប្តូរផ្លាកសញ្ញាកំណត់ល្បឿនអតិបរមាត្រង់តំបន់សាលារៀន មកត្រឹមល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
"ព្រឹត្តិការណ៍ថ្ងៃនេះ តំណាងឱ្យការប្តេជ្ញាចិត្តដល់មុតមាំរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការបង្កើនភាពធន់នៅក្នុងសហគមន៍ដែលយើងមានប្រតិបត្តិការទីផ្សារជាមួយ។ យើងតែងព្យាយាមស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីផ្តល់ការការពារបន្ថែមដល់កុមារដែលងាយនឹងប្រឈមមុខនឹងហានិភ័យ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍។ ហើយនេះ ក៏ជាសាលារៀនដំបូងគេដែលបានទទួលការកែលម្អពេញលេញ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធទីធ្លា។ ជាមួយនឹងជោគជ័យនេះ យើងប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររដ្ឋាភិបាល ដើម្បីជួយសាលារៀនឲ្យកាន់តែមានសុវត្ថិភាពជាងមុន សម្រាប់កុមារគ្រប់រូប” - លោក ហាហ្សាន់ អ៊ីលយ៉ាសគ្គិ -ប្រធានផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាព - ព្រូដិនសល កម្ពុជា
“យើងមានមោទនភាពដែលបានចាប់ដៃគូជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងការប្រតិបត្តិការគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ ជាពិសេសនៅតំបន់ជុំវិញសាលារៀនក្នុងខេត្តកំពង់ធំ និងខេត្តកំពត។ សុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ គឺជាចំណុចស្នូលនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ហើយយើងជឿជាក់ថាកិច្ចសហការនេះនឹងរួមចំណែកដល់សហគមន៍ដែលពោរពេញទៅដោយសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។
អំពីក្រុមហ៊ុន ព្រូដិនសល កម្ពុជា
ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ភីអិល ស៊ី បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយនៃសេវាធានារ៉ាប់រងអាយុជីវិត ដល់ប្រជាពលរដ្ឋកម្ពុជាជាង ៤២៥,១៥០គ្រួសារ និងបានផ្តល់សំណងជាង ២២.២ លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធា រណៈជន ព្រូដិនសលកម្ពុជាបាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។
ក្រុមហ៊ុនព្រូដិនសលកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យទទួលបាននូវជីវិតដ៏ល្អប្រសើរ ដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់សមភាពនៃឱកាសក្នុងការទទួលបាន សេវាហិរញ្ញវត្ថុ។
អំពីមូលនិធិព្រូដិនស៍ (Prudence Foundation)
មូលនិធិព្រូដិនស៍គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនព្រូដិនសលនៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិ បានអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំប្រទេសមួយចំនួនទៀតដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជនដើម្បីបង្កើតផលវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ មានទស្សនៈវិស័យវែងឆ្ងាយ
និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍កាន់តែមានសុខសុវត្ថិភាព និងរឹងមាំជាងមុន។ មូលនិធិព្រូដិនស៍គឺជាមូលនិធិ សប្បុរសធម៌ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ <www.prudencefoundation.com>
អំពី អង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលឧទ្ទិសដល់ការទប់ស្កាត់ការរងរបួសតាមដងផ្លូវ និងអ្នកស្លាប់នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង ២៤ឆ្នាំ អង្គការមូលនិធិបង្ការរបួសអាស៊ី បាននឹងកំពុងផ្តល់នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅទីតាំងនានាទូទាំងអាស៊ី និងអាហ្វ្រិក។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់គេហទំព័រ www.aip-foundation.org ឬភ្ជាប់ជាមួយពួកយើងនៅលើ Twitter @AIPFoundation ឬ https://www.aip-foundation.org/ ។
សម្រាប់ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
Victoria Jönsson-Brown
មន្ត្រីទំនាក់ទំនង (សកល)
អង្គការមូលនិធិបង្ការរបួសអាស៊ី
ទូរស័ព្ទ៖ (+84 ) 91 598 75 84 អ៊ីមែល៖ victoria.jonsson@aipf-vietnam.org