ក្រុមហ៊ុនព្រូដិនសលកម្ពុជា បន្តភាពរីកចម្រើនគួរឲ្យកត់សម្គាល់លើផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣
- ក្រុមហ៊ុនព្រូដិនសលកម្ពុជា ទទួលបានលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការិយបរិច្ឆេទ ២០២៣ ជាមួយនឹងប្រាក់ចំណេញសុទ្ធចំនួន ១៤.១ លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនកើនឡើង ១៦.៦ ភាគរយ ដល់ ៣៦១.២ លានដុល្លារអាមេរិក។
- ក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តោតលើការលើកស្ទួយដល់ការផ្តល់ជូនសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ការចូលរួមតាមរយៈ ប្រព័ន្ធឌីជីថល និងការបង្កើនទំនាក់ទំនងជាមួយសហគមន៍ ខណៈដែលក្រុមហ៊ុនផ្តល់ជូននូវផលិតផលធានារ៉ាប់រងឌីជីថលដែលមានតម្លៃសមរម្យ។ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន បានដាក់ឲ្យប្រើប្រាស់ផលិតផលធានារ៉ាប់រងថ្មី PRUសន្សំ និង PRUថែទាំ ជាមួយនឹងគម្រោងធានារ៉ាប់រងការពារហិរញ្ញវត្ថុនិង សុខភាព ដែលមានភាពងាយស្រួល និងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជា។
- ក្រុមហ៊ុន នៅតែបន្តឆន្ទ:យ៉ាងមោះមុតក្នុងការគាំពារសុខុមាលភាព និងការអភិវឌ្ឍន៍សហគមន៍ រួមមានកម្មវិធីគោលដូចជា កម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ឆា-ឈីង (Cha-Ching) គម្រោងសាលារៀនសុវត្ថិភាព (Safe School) គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Safe Step Road Safety) គម្រោងលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុនិងឌីជីថលសម្រាប់សហគ្រិនស្រ្តី និងកម្មវិធីលើកកម្ពស់ភាពរឹងមាំសុវត្ថិភាព សុខភាពអនាម័យតាមសាលារៀន (Be Clean Be Cool)
(ភ្នំពេញ) ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និង សុខភាព ដែលឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្រុមហ៊ុន ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយដល់ការផ្តល់ជូននូវសេវាធានារ៉ាប់រងកាន់តែទូលំទូលាយ ការអភិវឌ្ឍផ្នែកឌីជីថល ព្រមទាំងការចូលរួមចំណែកនៅក្នុងសហគមន៍ ដែលសបញ្ជាក់ឲ្យឃើញនូវការតាំងចិត្តដ៏មោះមុតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម។
ក្រុមហ៊ុនព្រូដិនសលកម្ពុជា បង្ហាញពីសក្ខីភាពនៃប្រសិទ្ធភាពប្រតិបត្តិការយុទ្ធសាស្រ្ត និងជំហរដ៏រឹងមាំក្នុងទីផ្សារធានារ៉ាប់រងជាមួយនឹងលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ជាពិសេសប្រាក់ចំណេញសុទ្ធចំនួន ១៤.១ លានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ ២០២៣ មូលធនសរុបរបស់ក្រុមហ៊ុនមានការកើនឡើង ១៨.៧ ភាគរយ ចាប់ពី ៧៥.៥ លានដុល្លារអាមេរិក ដល់ ៨៩.៦ លានដុល្លារអាមេរិក។
ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅ ៣៦១.២ លានដុល្លារអាមេរិក កើនឡើង ១៦.៦ ភាគរយ ធៀបទៅនឹងឆ្នាំមុន។ បន្ថែមពីលើនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បង្ហាញឲ្យឃើញនូវការកើនឡើងនៃបុព្វលាភធានារ៉ាប់រងដុល ៧.៤ ភាគរយ កើនដល់ ៧៦.៧ លានដុល្លារអាមេរិក ខណៈសំណង និងអត្ថប្រយោជន៍ដែលបានកើនឡើង ពី ៣.៥ លាន ក្នុងឆ្នាំ២០២២ ហើយក្នុងការិយបរិច្ឆេទថ្មីនេះ ឈានដល់ ៤.៤ លាន ដុល្លារអាមេរិក ដែលស្មើនឹង២៥.៥ ភាគរយ នៃសំណង និងអត្ថប្រយោជន៍សរុប។
លោក ពន្លឺ តុលា អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា «យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្នុងការធ្វើឲ្យវិស័យធានារ៉ាប់រងកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ គឺបន្តឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ បើទោះបីជាទីផ្សារមានការប្រកួតប្រជែងខ្លាំង ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតែរក្សាជំហររឹងមាំក្នុងទីផ្សារនិងបន្តផ្តល់ជូនគុណតម្លៃដល់អតិថិជន និងដៃគូពាក់ព័ន្ធទាំងអស់។»
«លទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនេះសបញ្ជាក់ឲ្យឃើញនូវ ការប្តេជ្ញាចិត្តដ៏មោះមុតនិងការខិតខំប្រឹងប្រែង ដ៏ប៉ិនប្រសព្វរបស់ក្រុមការងារ ក៏ដូចជាការផ្តោតសំខាន់របស់យើងទៅលើការបង្កើតថ្មី ការយកអតិថិជនជាធំ និងសេវាអតិថិជនដ៏ល្អឥតខ្ចោះ។ នាពេលអនាគត ក្រុមហ៊ុនបន្តប្តេជ្ញាចិត្ត ក្នុងការជម្រុញឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព ពង្រីកបណ្តាញចែកចាយរបស់ក្រុមហ៊ុន ព្រមទាំងផ្តល់ជូននូវសេវាកម្មនិងផលិតផលដែលបំពេញតម្រូវការថ្មីៗរបស់អតិថិជន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ដោយមានការជួយជ្រោមជ្រែងពីសំណាក់ បុគ្គលិក ដៃគូ និង ភាគីពាក់ព័ន្ធទាំងអស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងបន្តរីកចម្រើន និងផ្ដល់ផលប៉ះពាល់វិជ្ជមានជូនដល់ប្រជាជនកម្ពុជា។»
លោកបានបន្ថែមទៀតថា «នៅឆ្នាំ២០២៣ យើងបានផ្តោតលើការបង្កើនលទ្ធភាពនិង ការផ្តល់ជូននូវផលិតផលថ្មីៗ របស់យើង ដូចជា PRUសន្សំ និង PRUថែទាំ ដែល ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់ក្រុមគ្រួសារកម្ពុជា ក៏ដូចជាជួយពួកគេឲ្យធានាបានទាំង អនាគត សុខភាព និង ហិរញ្ញវត្ថុ របស់ពួកគេផងដែរ។»
និរន្តរភាពជំរុញវឌ្ឍនភាព
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានមោទកភាពក្នុងការប្រកាសនូវវឌ្ឍនភាពដ៏សំខាន់របស់ខ្លួននៅឆ្នាំ ២០២៣ ដែលជំរុញដោយការផ្តោតសំខាន់ពីរលើការផ្លាស់ប្តូរជាមួយប្រព័ន្វឌីជីថល និងនិរន្តរភាព។ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន នៅឆ្នាំនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងមុតមាំក្នុងការបង្កើនបទពិសោធន៍របស់អតិថិជនតាមរយៈដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងការលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាពដែលផ្តល់អត្ថប្រយោជន៍ជូនទាំងអតិថិជន និងសហគមន៍ឱ្យកាន់តែទូលំទូលាយ។
ប្រតិបត្តិការបៃតង៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានអនុវត្តគំនិតផ្តួចផ្តើមបៃតងជាច្រើនដើម្បីកាត់បន្ថយដានកាបូន។ គំនិតផ្តួចផ្តើមទាំងនេះរួមមានការអនុវត្តការប្រតិបត្តិការងារនៅក្នុងការិយាល័យដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព មិនប្រើប្រាស់ក្រដាស និងកម្មវិធីកាត់បន្ថយកាកសំណល់។
ការចូលរួមជាមួយសហគមន៍៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជាចូលរួមយ៉ាងសកម្មជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព។ គំនិតផ្តួចផ្តើមនេះ រួមមានកម្មវិធីអប់រំស្តីពីការអភិរក្សបរិស្ថាន ការគាំទ្រគម្រោងថាមពលកកើតឡើងវិញ និងភាពជាដៃគូជាមួយអង្គការក្រៅ
រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាបរិស្ថាន។
ផលិតផលប្រកបដោយនិរន្តរភាព៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍផលិតផលធានារ៉ាប់រងដែលគាំទ្រដល់ការរស់នៅប្រកបដោយនិរន្តរភាព រួមទាំងជម្រើសនៃការធានារ៉ាប់រងសម្រាប់គេហដ្ឋាន និងយានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការលើកទឹកចិត្តសម្រាប់អតិថិជនដែលទទួលយកការអនុវត្តបៃតង។
ការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការពង្រឹង និងអភិវឌ្ឍរបស់សហគមន៍ គឺបង្ហាញឱ្យឃើញតាមរយៈការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុនលើវិស័យអប់រំ និងសុខភាព។ លោក តុលា បានមានប្រសាសន៍ថា «ការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពសហគមន៍គឺមិនផ្លាស់ប្តូរទេ។ គំនិតផ្តួចផ្តើមដូចជាកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ឆា- ឈីង (Cha-Ching) និងគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក (Safe Step) កំពុងបន្តក្នុងការកសាងមូលធនសង្គម និងជំរុញសហគមន៍ដែលមានសុវត្ថិភាព។»
នៅឆ្នាំនេះ ការផ្តោតសំខាន់មួយនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅតែផ្តោតលើការជម្រុញបណ្តាញចែកចាយដ៏សម្បូរបែប របស់ខ្លួន ក្នុងការផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែទូលំទូលាយ។ លោកបានបន្ថែមថា «ខណៈដែលយើងបាននិងកំពុងធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល១១ នាឆ្នាំនេះ យើងនឹងបន្តការច្នៃប្រឌិតនិងជំរុញការផ្លាស់ប្តូរ ដើម្បីធានាឲ្យបានថាយើងអាចបំពេញតម្រុូវការរបស់អតិថិជនរបស់យើងលើសពីការរំពឹងទុក។
ព្រូដិនសល កម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត នាំមកនូវការផ្លាស់ប្តូរវិជ្ជមាន និងផ្តល់ជូននូវគុណតម្តៃជូនដល់អតិិថិជន ភាគីពាក់ព័ន្ធ និងសហគមន៍កម្ពុជាទាំងមូល និងបន្តក្លាយជាអ្នកដឹកនាំមួយនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា។
អំពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៤៣០, ០០០ នាក់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅដល់អតិថិជនចំនួន ១៨ លាននាក់ក្នុងទីផ្សារចំនួន ២៤ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក
បេសកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។
អាជីវកម្មនេះបានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។ ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc. ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិកឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេស។