September 4, 2024
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសលេខ ១៥៣៦ សហវ ដើម្បីបង្កើតកម្រិតនៃការអនុលោមភាពអ្នកជាប់ពន្ធ ដោយលើកទឹកចិត្តឱ្យមានការប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសារពើពន្ធ។ ប្រកាសលេខ ១៥៣៦ កំណត់កម្រិតអនុលោមភាពជា ៣ប្រភេទ គឺ (១) មាស (អនុលោមភាពខ្ពស់) (២) ប្រាក់ (អនុលោមភាពមធ្យម) និង (៣) សំរិទ្ធ (អនុលោមភាពទាប)។
កម្រិតនៃលក្ខណៈវិនិច្ឆ័យរួមមាន ការចុះបញ្ជីពន្ធដារ ការដាក់លិខិតប្រកាសពន្ធ និង ការបង់ប្រាក់ពន្ធ (ក្នុងនោះរួមបញ្ចូល ការកំណត់ពន្ធឡើងវិញ បើមាន) ទៀងទាត់តាមកាលកំណត់ ការកាន់បញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ និង មិនមានការប្រព្រឹត្តអំពើធ្វេសប្រហែសធ្ងន់ធ្ងរ។
ហេតុអ្វីបានជាអនុលោមភាពសារពើពន្ធ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនយើង?
ការលើកទឹកចិត្តផ្នែកពន្ធដារទូទៅរួមមាន:
- ការទទួលបានអនុលោមភាព មាស គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងប្រកាសលេខ ១៥៣៦។
- អ្នកជាប់ពន្ធដែលទទួលបានអនុលោមភាព មាស និងទទួលបានវិញ្ញាបនបត្របញ្ជាក់ ដែលមានសុពលភាព រយៈពេល ២ឆ្នាំ។
- អ្នកជាប់ពន្ធទទួលបានអនុលោមភាព មាស អាចស្នើសុំការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោមចំនួន ៥០០ លានរៀល (ប្រហែល ១២៥,០០០ ដុល្លារ) ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន។
- ការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ឆ្នាំម្តង មានន័យថាការធ្វើសវនកម្មមានកម្រិត ឬសវនកម្មលើលិខិតស្មាម ត្រូវបានលើកលែង។
- ជាមួយនឹងការទទួលស្គាល់ជាផ្លូវការពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់អ្នកជាប់ពន្ធដែលទទួលបាននូវការវិនិច្ឆ័យថាបានកាន់បញ្ជិកាគណនេយ្យបានត្រឹមត្រូវ អ្នកជាប់ពន្ធត្រូវបានលើកលែងពីពន្ធអប្បបរមា ១% លើប្រាក់ចំណូល និងទទួលបានពិន្ទុបន្ថែមសម្រាប់ការស្នើសុំ អនុលោមភាពសារពើពន្ធ មាស។
សម្រាប់ក្រុមហ៊ុនព្រូដិលសលកម្ពុជា ការលើកទឹកចិត្តពន្ធដារដែលចម្បង ពីការទទួលបានពីវិញ្ញាបនបត្រអនុលោមភាព មាសនេះ គឺការលើកលែងការធ្វើសវនកម្ម ២ប្រភេទ គឺសវនកម្មមានកម្រិត និងសវនកម្មលើលិខិតស្មាម ដោយរក្សាទុកតែសវនកម្មពេញលេញតែ១ប៉ុណ្ណោះ ក្នុងអំឡុងពេល ដែលមានសុពលភាព២ឆ្នាំម្តង។
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុនព្រូដិលសលកម្ពុជា បានទទួល "វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធកម្រិត មាស" ពីអគ្គនាយកដ្ឋានពន្ធដារ ជាលើកទី៤ សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ បន្ថែមពីលើវិញ្ញាបនបត្រសារពើពន្ធកម្រិត មាសដែលមានស្រាប់ សម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤ និង ការទទួលស្គាល់ជាផ្លូវការជាលើកដំបូង អំពីការវិនិច្ឆ័យកាន់កាប់បញ្ជិកាគណនេយ្យបានត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ ២០២៤ និង ២០២៥។
សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះឧត្តមភាព សុចរិតភាព និងការអនុលោមតាមបទប្បញ្ញត្តិ។ វាគូសបញ្ជាក់អំពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើង ដែលជាក្រុមហ៊ុនដែលគួរឱ្យទុកចិត្ត និងទទួលខុសត្រូវ ដោយស្របតាមសសរស្តម្ភទី៣ នៃយុទ្ធសាស្រ្តនិរន្តរភាពរបស់យើង (អាជីវកម្មប្រកបដោយនិរន្តរភាព) និងសសរស្តម្ភទី៥ នៃយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់យើង (របាយការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ) ដែលផ្តួចផ្តើមដោយកម្មវិធីហិរញ្ញវត្ថុសម្រាប់អនាគត (FFP) ។
ការទទួលស្គាល់នេះបង្ហាញពីយុទ្ធសាស្រ្តសកម្មរបស់យើងក្នុងការអនុលោមតាមបទប្បញ្ញត្តិនាៗរបស់ស្ថាប័នមានសមត្ថកិច្ច ការធានានូវតម្លាភាព ការជំរុញការជឿទុកចិត្តពីភាគីពាក់ព័ន្ធ និងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។