ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close

ព្រូដិនសលកម្ពុជា និង អង្គការភ្លែនអន្តរជាតិ បានថតរូបជាក្រុម បន្ទាប់ពីការដាក់ឱ្យដំណើរជាផ្លូវការគោលការណ៍ណែនាំស្តីពីក្រមខ័ណ្ឌសាលារៀនសុវត្ថិភាព

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៖ ដោយមានការសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវក្របខ័ណ្ឌសាលារៀនសុវត្ថិភាពនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខា។ សិក្ខាសាលានេះ នឹងចូលរួមជាគណៈអធិបតីដោយឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីភ្ញៀវជាង១០០ នាក់ដែលមកពីក្រសួងអប់រំយុវជន និងកីឡា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរអប់រំខេត្តទាំង២៥ ក្រុងនិងខេត្ត ការិយាល័យអប់រំស្រុក បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក និងសមាជិកក្រុមការងាររបស់ JAG។

 

សិក្ខាសាលានេះ មានគោលបំណងចែករំលែកពីគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលារៀនទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជននិងកីឡា និងមន្ទីរអប់រំខេត្ត។ បន្ថែមពីលើនេះ សិក្ខាសាលានេះក៏មានបំណងពង្រឹងការសហការរវាងក្រសួងអប់រំ មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តគោលការណ៍ណែនាំនេះទៅដល់ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា។

 

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនព្រូដិនសលដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់កុមារកម្ពុជាតាមរយៈការធានាសុវត្ថិភាពរបស់ពួកគេ និងធ្វើឱ្យពួកគេរីកចម្រើនក្នុងបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព។ ដោយអនុវត្តគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសាលារៀននៅក្នុងសាលារៀន គោលបំណងគឺលើកទឹកចិត្តដល់គ្រូបង្រៀន ឪពុកម្តាយ និងសមាជិកសហគមន៍ក្នុងការយកចិត្តទុកដាក់ និងផ្តោតរួមទៅលើសុខុមាលភាពរបស់កុមារ និងការពារហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន។

លោកគ្រូ និងសិស្សានុសិស្ស ធ្វើការបានអនុវត្តសមការជួយសង្ខ្រោះបឋម ពេលមានគ្រោះមហន្តរាយកើតឡើង

ដោយមានការគាំទ្រមូលនិធិពីមូលនិធិព្រូដិនស៍ តាមរយៈអង្គការភ្លែនអន្តរជាតិហុងកុង អង្គការភ្លែនអន្តរជាតិកម្ពុជាបានអនុវត្តគម្រោង “លើកកម្ពស់គំនិតផ្តួចផ្តើមសុវត្ថិភាពសាលារៀននៅក្នុងប្រទេសកម្ពុជា” តាំងពីឆ្នាំ២០១៦ ក្នុងគោលបំណងជួយគាំទ្រដល់កុមារដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា ឱ្យសុាំទៅនឹងគ្រោះមហន្តរាយ និងមានបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព តាមរយៈការគាំទ្រពីរដ្ឋាភិបាល។

 

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា៖ គម្រោងនេះកំពុងពង្រឹងនិរន្តរភាពនៃកម្មវិធីសុវត្ថិភាពសាលារៀន នៅក្នុងសាលាគោលដៅចំនួន៩៦ តាមរយៈបង្កើនភាពជាម្ចាស់ការ និងគាំទ្រពីរដ្ឋាភិបាល ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ គម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលដៅយុទ្ធសាស្ត្រកម្មវិធីរៀនពេញមួយជីវិតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានគោលបំណងជួយដល់ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងអាចទទួលបានការអប់រំប្រកបដោយគុណភាព និងអភិវឌ្ឍជំនាញដែលជួយការរៀបសូត្រពេញមួយជីវិត និងការងារសមរម្យ។ លោកបានបន្ថែមទៀតថា គម្រោងនេះក៏ចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ដែលមានគោលបំណងធានាការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។

 

លោក គឹមថាន បានពន្យល់ថា៖ “យើងទទួលបានមូលនិធិពីមូលនិធិព្រូដិនស៍ដើម្បីអនុវត្តគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពសាលានៅក្នុងប្រទេសកម្ពុជា វគ្គ៣ ដែលធ្វើការបន្តលើសមិទ្ធិផលពីវគ្គទី១ និងទី២ និងដាក់ចេញនូវគម្រូបរិបទ និងប្រសិទ្ធិភាពសម្រាប់សុវត្ថិភាពសាលាពីសាលាគោលដៅចំនួន៦០សាលាក្នុងខេត្តស្ទឹងត្រែង ដល់សាលាថ្មីចំនួន៣៦ទៀត នៅក្នុងខេត្តសៀមរាប និងរតនគីរី។ គម្រោងនេះនឹងដោះស្រាយជាយុទ្ធសាស្ត្រទៅលើការចន្លោះប្រហោង និងភាពប្រឈមសំខាន់ៗដែលកើតឡើងនៅក្នុងការអនុវត្តនៅវគ្គមុនៗ”។

 

 

លោក គឹមថាន បានបន្តទៀតថា កុមារគឺងាយរងគ្រោះបំផុតនៅក្នុងគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ កុមារមិនអាចទៅសាលារៀន ហើយសម្ភារៈសិក្សារបស់ពួកគេត្រូវបានខូតខាតជារៀងរាល់ឆ្នាំ។ ជាមួយគម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្តីពីការបន្សុាំទៅនឹងបំរែបំរួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយ និងសៀវភៅគ្រូសម្រាប់ការអប់រំសម្រាប់កម្រិតបឋមសិក្សា និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាពការណែនាំសុវត្ថិភាពសាលារៀនថ្នាក់ជាតិ ដែលស្របជាមួយនឹងក្របខ័ណ្ឌសុវត្ថិភាពសាលា២០២២-២០២៣

 

លោកគឹមថាន បានលើកឡើងថា៖ “ការអនុវត្តគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌសុវត្ថិភាពសាលា នឹងជួយគាំទ្រ និងលើកទឹកចិត្តអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការជួយដល់សុវត្ថិភាពនិងកិច្ចការពារកុមារ។”

 

គោលការណ៍ណែនាំនេះ គឺបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកើកឡើង និងរួមផ្សំក្នុងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកសារមួយនេះ មានគោលបំណងសំខាន់ៗចំនួនបី៖

  • ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀននិងកន្លែងសិក្សាផ្សេងទៀត។
  • រៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗដល់ការសិក្សារបស់កុមារ ក្នុងគោលដៅរៀនសម្របខ្លួនទៅនឹងភាណតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ។
  • លើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សនិងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍន៍ដោយចេរិ៍ភាព។

 

លោកគឹមថាន បាននិយាយថា៖ “យើងសង្ឃឹមថាតាមរយៈគោលការណ៍ណែនាំនេះ សិស្សនឹងរៀនដោយមិនមានភាពភ័យខ្លាច នៅក្នុងកន្លែងដែលមានសុវត្ថិភាព និងប្រកបដោយគុណភាព ដូច្នេះ ពួកគេអាចសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេបាន។

 

ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន, សង្គម, អភិបាលកិច្ច) ក្រុមហ៊ុនព្រូដិនសល មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នក្នុងបរិយាកាស(environmental footprint) និងគាំទ្រគំនិតផ្ដួចផ្ដើមដែលលើកកម្ពស់ការអភិរក្សបរិស្ថាន និងភាពធន់។ ​ការសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា​ ស្តីពីការឧបត្ថម្ភលើគម្រោង សាលាសុវត្ថិភាព ដើរតួយ៉ាងសំខាន់ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនព្រូដិនសល ក្នុងការបង្កើតនូវផលវិជ្ជមាន និងជំរុញឲ្យសាលារៀនកាន់តែមានសុវត្ថិភាពដល់កុមារកម្ពុជា។

 

 

សិស្ស​ លាងសម្អាត​ដៃ​ ដើម្ប​រក្សា​អនាម័យ​បាន​ត្រឹម​ត្រូវ​ទាំង​មុន និង​ក្រោយ​ពេល​រៀន។ 

លោក Chee Weng Yip អគ្គនាយកផ្នែកលក់ និងចែកចាយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននិយាយថា៖ “ការប្រែប្រួលអាកាសធាតុ​ គួរតែជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សគ្រប់គ្នា មិនថាពួកគេមកពីឧស្សាហកម្ម ឬ វិស័យណាក៏ដោយ។ ការកើនឡើងនៃការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ គឺជារឿងទុក្ខកង្វល់មួយ ជាពិសេសនៅពេលដែលកុមារគឺជាជនរងគ្រោះ ។ ដូច្នេះយើងមានមោទនភាពយ៉ាងខ្លាំង ចំពោះ កិច្ចសហការដៃគូជាមួយអង្គការ Plan International Cambodia ដើម្បីអនុវត្តគម្រោងសាលាសុវត្ថិភាព ដែលដើរទន្ទឹមគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងបេសកកម្មរបស់ពួកយើង។ ការធានានូវសុវត្ថិភាព និងការការពារកុមារ នៅក្នុងសហគមន៍ដែលងាយរងគ្រោះ គឺមានសារៈសំខាន់បំផុតចំពោះពួកយើង។ ​តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ និងលើកកម្ពស់ភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹង គ្រោះមហន្តរាយ។ គោលដៅសំខាន់បំផុតរបស់យើង គឺដើម្បីបង្កើតអនាគតប្រកបដោយចីរភាពមួយ ដែលកុមារគ្រប់រូបអាចលូតលាស់រីកចម្រើន និងបំពេញបាននូវសក្តានុពលរបស់ពួកគេ” ។

ព្រូដិនសលកម្ពុជា បានបរិច្ចាគសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរត្រល ក្នុងខេត្តស្ទឹងត្រែង

អំពីអង្គការភ្លែនអន្តរជាតិកម្ពុជា 

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់​សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើង​ខិតខំ​ប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដោយ​ធ្វើការ​រួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយ​នឹង​បទពិសោធន៍​ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោល​បំណង​គាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅក្នុងប្រទេសកម្ពុជា នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីលើកស្ទួយសម្លេងនិងគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីទទួលបានសិទ្ធិ និងបំពេញបានសក្តានុពលពេញលេញរបស់ខ្លួន។

 

អំពីព្រូដិនសលកម្ពុជា

 

ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ភីអិលស៊ី បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំ​ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣២១, ០០០ គ្រួសារ និងបានផ្តល់សំណងជាង ២០.៩ លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។  
 

ក្រុមហ៊ុនព្រូដិនសលកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់ សមភាពនៃឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ 

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.prudential.com.kh

 

   

អំពីមូលនិធិព្រូដិនស៍ (Prudence Foundation)

 

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។  មូលនិធិ បានអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំប្រទេសមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតផល​វិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ មានទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ កាន់តែមានសុខសុវត្ថិភាព និងរឹងមាំជាងមុន។  មូលនិធិព្រូដិនស៍ គឺជាមូលនិធិសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

 

សម្រាប់ព័ត៌មានបន្ថែម  សូមចូលទៅកាន់ <www.prudencefoundation.com> ។

 

ទំនាក់ទំនងផ្នែកសារព័ត៌មាន 

កញ្ញា ចាន់ សាវតី មន្រ្តីផ្នែកសារព័ត៌មាននៃអង្គការភ្លែនអន្តរជាតិកម្ពុជា 

ទូរស័ព្ទ៖ +855 98 980 520 ឬ អ៊ីមែល៖ : savatey.chan@plan-international.org