ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និង អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើងចំនួន ២៣៧ គ្រឿង ជូនដល់សាលារៀននៅទូទាំងខេត្តចំនួន ៥ និងរាជធានី រួមមាន ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តកំពត ខេត្តក្រចេះ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យសាលារៀនមានសុវត្ថិភាពសម្រាប់សិស្សានុសិស្សត្រឡប់ចូលសាលាវិញ។ ពិធីប្រគល់នេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា។
អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឈានមុខគេមួយនៅលើពិភពលោក បានធ្វើការលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី នឹងធ្វើការប្រគល់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើង ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា នៅទូទាំងខេត្តចំនួន ៥ និងរាជធានីភ្នំពេញ នៅអំឡុងខែមិនា និងមេសា ឆ្នាំ២០២២ នេះ។ ការប្រើប្រាស់ឧបករណ៍បែបនេះបានបង្ហាញពីលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសផ្សេងៗ សម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏អាចជួយពង្រឹងលើដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះនៅកម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “ការអប់រំតាមគន្លងប្រក្រតីថ្មី ទាមទារឱ្យសាលារៀនទាំងឡាយរក្សាឱ្យបាននូវស្ដង់ដាអនាម័យខ្ពស់។ ដូច្នេះ ខ្ញុំយល់ឃើញថា ការផ្ដល់ជំនួយគាំទ្ររបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា និង អង្គការភ្លែនអន្តរជាតិកម្ពុជា នាពេលនេះ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ឱ្យពួកយើងអាចបន្តបើកសាលារៀនវិញ»។
អ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖ “ភាពជាដៃគូរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន ព្រូដិនសល និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងជួយកុមារ ជាពិសេសកុមារីឱ្យអាចបន្តការសិក្សារបស់ពួកគេឡើងវិញក្នុងបរិយាកាសសាលារៀនដែលប្រកបដោយសុវត្ថិភាព។ ការបរិច្ចាគនេះនឹងធ្វើឱ្យសិស្សស្រីចំនួន ៣២,០០៨ នាក់ និងសិស្សប្រុសចំនួន ៣១,១៩២ នាក់ មកពីសាលាបឋមសិក្សាចំនួន ១៦៨ អាចលាងសម្អាតដៃរបស់ពួកគេនៅឯសាលារៀនបានកាន់តែប្រសើរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ គម្រោងដ៏ល្អមួយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានគោលបំណងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់សិទ្ធអំណាចសម្រាប់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ចំនួន ២,៥ លាននាក់ នៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។ ជំនួសមុខឱ្យសិស្សានុសិស្សមកពីគ្រប់សាលាគោលដៅទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនព្រូដិនសលកម្ពុជាសម្រាប់ភាពជាដៃគូក្នុងការជួយរក្សាសុវត្ថិភាពជូនកុមារ”។
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “ការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការរៀបចំកុមាររបស់យើង ដើម្បីភាពរីកចម្រើន និងការអភិវឌ្ឍន៍ នាពេលអនាគតរបស់សង្គម។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលអាចចូលរួមចំណែកជួយដល់ក្រសួងក្នុងការជួយកុមារកម្ពុជាអាចបន្តការសិក្សារបស់ពួកគេប្រកបដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា”។
មូលនិធិសម្រាប់ឧបករណ៍លាងដៃដោយប្រើឈ្នាន់ជើងនេះត្រូវបានផ្តល់ជូនតាមរយៈមូលនិធិទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩របស់ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ដែលជាមូលនិធិរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី និងមូលនិធិព្រូដិនស៍ ដែលមានគោលបំណងផ្ដល់ការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះបំផុតនៅអាស៊ី និងអាហ្រ្វិក ក្នុងកិច្ចខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អំពីអង្គការភ្លែនអន្តរជាតិកម្ពុជា
អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍ និងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាពចំពោះក្មេងស្រី។ អង្គការភ្លែនអន្តរជាតិខិតខំប្រឹងប្រែងដើម្បីពិភពលោកយុតិធម៌មួយដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ ក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំនៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសឱ្យបានចូលរៀន ចូលរួមក្នុងការដឹកនាំ ការសម្រេចចិត្ត និងអភិវឌ្ឍន៍។ អង្គការភ្លែនអន្តរជាតិបានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០២។ ឆ្នាំ២០២២ នេះ គឺជាខួប២០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជាបានដាក់ដំណើរការយុទ្ធសាស្រ្តប្រចាំប្រទេស ២,៥ លានហេតុផល ២០២១-២០២៦ ដែលមានមហិច្ចតា សហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សិទ្ធអំណាចរបស់ក្មេងស្រី និងស្រ្តីវ័យក្មេងចំនូន ២,៥លាននាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខក្រោមកម្មវិធីជាយុទ្ធសាស្ត្រចំនួន៤រួមមាន៖ (១) ការចាប់ផ្តើមជាមួយសុខភាពល្អ – ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មានអំពីរាងកាយរបស់ពួកគេ។ (២) កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើការការពារកុមារលើប្រព័ន្ធអនឡាញ, អ្នកស្រឡាញ់ភេទដូចគ្នា, ទប់ស្កាត់ការរៀបការវ័យក្មេង, កុមារដែលត្រូវបានគេទុកចោលរួមទាំងកម្មវិធីឆ្លងដែន ដើម្បីរក្សាកុមារជាពិសេសក្មេងស្រី និងយុវជនឱ្យមានសុវត្ថិភាព។ (៣) ការរៀនមួយជីវិតដោយផ្តោតលើ IQE ការអភិវឌ្ឍជំនាញ និងបំនិនជីវិតរួមទាំងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបានចំណេះដឹងជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេ និងឈានដល់សក្តានុពលពេញលេញ។ និង(៤) ភាពដឹកនាំរបស់ក្មេងស្រី – ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋសកម្មនិងការចូលរួមរបស់ប្រជាពលរដ្ឋ ធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញ និងទំនុកចិត្តដើម្បីជោគជ័យ៕
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។
អំពីមូលនិធិព្រូដិនស៍
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com